www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, December 15, 2025

មន្រ្ដីជាន់ខ្ពស់នៃក្រសួងកិច្ចការនារី៖ ការរាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថាការផ្សព្វផ្សាយនោះ មិនក្លាយជាការដាក់បន្ទុកបន្ថែម

(ភ្នំពេញ)៖ លោកស្រី ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ការរាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ និងការយល់ដឹងអំពីយេនឌ័រដើម្បីធានាថាការផ្សព្វផ្សាយនោះ មិនក្លាយជាការដាក់បន្ទុកបន្ថែម ឬធ្វើឱ្យជនរងគ្រោះរងទុក្ខជាលើកទីពីរ។

ការលើកឡើងបែបនេះរបស់ លោកស្រី ប៊ុន ពុទ្ធី បានធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្រោមប្រធានបទ៖ «ការអនុត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី»។ ដោយមានការអញ្ជើញចូលរួមពី លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងសមាជិកនៃក្រុមការងារអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី

និងសិស្សនិស្សិតដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ (DMC)ជាច្រើននាក់។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ប៊ុន ពុទ្ធី ក៏សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ក្រុមការងារអនុវត្តក្រមប្រតិបត្តិ ដែលមានសមាសភាពមកពី ក្រុមការងារក្រសួងកិច្ចការនារី ក្រុមការងារក្រសួងព័ត៌មាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ដើម្បីយើងមានឱកាសជួបជុំគ្នា ពិនិត្យមើលវឌ្ឍនភាពលើការងារអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី និងដាក់ចេញនូវទិសដៅថ្មីៗសម្រាប់ឆ្នាំខាងមុខ។

លោកស្រី ប៊ុន ពុទ្ធី បានបន្ដថា នៅក្នុងបរិបទនៃសង្គមឌីជីថល និងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីកាន់តែសំខាន់ និងមាន ឥទ្ធិពលយ៉ាងខ្លាំងក្លា មិនត្រឹមតែជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកកំណត់របៀបវារៈ សង្គម និងជាអ្នកដែលអាចផ្លាស់ប្តូរផ្នត់គំនិតសាធារណជនបានយ៉ាងឆាប់រហ័ស។ ក្នុងន័យ នេះ ការរាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងការយល់ដឹងអំពីយេនឌ័រ ដើម្បីធានាថាការផ្សព្វផ្សាយនោះមិនក្លាយជាការដាក់បន្ទុកបន្ថែម ឬធ្វើ ឱ្យជនរងគ្រោះរងទុក្ខជាលើកទីពីរ (Re-victimization)។

លោកស្រី បានបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងសំខាន់ទី១៖ គឺដើម្បីបង្ហាញពី វឌ្ឍនភាពនៃការតាមដានការអនុវត្តក្រមប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី និងទី២៖ គឺដើម្បីកំណត់វិធានការ ឬសកម្មភាពរួមគ្នាក្នុង ការលើកកម្ពស់ការយល់ដឹងនិងផ្លាស់ប្តូរឥរិយាបថរបស់អ្នកសារព័ត៌មាន។

ជាមួយគ្នានេះ លោក ស្លេះ អាល់ហ្វីន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ខណៈបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យានៃប្រព័ន្ធផ្សព្វផ្សាយកាន់តែរីកចម្រើន ដែលមួយផ្នែកបានជួយលើការងារផលិតកម្ម ការច្នៃប្រឌិតនិងនវានុវត្តមួយផ្នែកទៀតបានបង្កជាបញ្ហាប្រឈមដូចជាការកើនឡើង នៃព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ ពាក្យសម្អប់ការបណ្តុះបង្អាប់អនឡាញ (Cyberbully) និងការរើសអើង ដែលផ្តល់ផលជះអវិជ្ជមានដល់បុគ្គល គ្រួសារ និងសង្គមជាតិ ជាពិសេសប៉ះពាល់ដល់សិទ្ធិនិងតម្លៃរបស់ស្ត្រី។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា Deepfake (Deepfake ជាបច្ចេកវិទ្យាធ្វើការបន្លំដែលត្រាប់តាមរូបភាព វីដេអូ និងសំឡេងរបស់បុគ្គលណាម្នាក់ ដែលជាក់ស្តែងបុគ្គលនោះមិនបាននិយាយឫធ្វើសកម្មនោះ) បានក្លាយជាបញ្ហាកាន់តែស្មុគស្មាញក្នុង ការទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ហើយក្រុមស្ត្រី និងក្មេងស្រី កំពុងស្ថិតក្នុងក្រុមងាយរងគ្រោះពីបញ្ហាទាំងនេះ។

លោក ស្លេះ អាល់ហ្វីន បានបន្ដថា ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មានបាននិងកំពុង ខិតខំផ្សព្វផ្សាយបញ្ញាបការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិនិងតម្លៃរបស់ស្ត្រីតាមគ្រប់មធ្យោបាយ ផ្សព្វផ្សាយ។ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា បានរៀបចំជាប្រចាំនូវប្រធានបទពាក់ព័ន្ធការលើកកម្ពស់សិទ្ធិស្ត្រី ក្នុងកម្មវិធីពិភាក្សាតុមូលកម្មវិធីសន្ទនាមតិ ជីវិតយើងសង្គមយើង» កម្មវិធីជំហានដំបូង និងកម្មវិធីពិភាក្សាដទៃទៀត។

ជាថ្មីម្ដងទៀត លោកក៏សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មាន និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ត្រី និងធម្មនុញ្ញវិជ្ជាជីសារព័ត៌មាន។ ការរាយការណ៍ព័ត៌មានប្រកបដោយភាព សុក្រឹត្យ ត្រឹមត្រូវ មិនប៉ះពាល់តម្លៃស្ត្រី និងក្រុមងាយរងគ្រោះផ្សេងទៀតគឺជាការគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ និងចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages