www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, July 1, 2026

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង​កូន​ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធ «ទិវាមច្ឆជាតិ» នៅថ្ងៃទី១ ខែ​កក្កដា ជារៀងរាល់ឆ្នាំ គឺដើម្បីផ្សព្វផ្សាយ និងបំផុស​ស្មា​រ​តី​​ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជា​ពិសេសប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យ​ចូល​រួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង ថែរក្សា និងការប្រើប្រាស់ប្រកប​ដោយ​និរន្ត​រភាព សម្រាប់ប្រជាពលរដ្ឋយើង និងកូនចៅជំនាន់ក្រោយរបស់យើង។

* សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេល​ឱ្យ​ត្រីពងកូន បន្តពូជ និងធំធាត់នៅ​រដូវ​ទឹកឡើង ដែលជា​ប្រភពអាហារចម្បង​របស់បងប្អូន​ពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។

* សម្តេចមហាបវរធិបី មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម គឺជា «ក្រ​ពះ​របស់ជាតិ» ខណៈមច្ឆជាតិ គឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ​ ជា​ប្រភពផ្តល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន មច្ឆជាតិជាអាហារសហគមន៍​ដ៏​ពេញ​និយមរបស់ប្រជាជនគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាតូច ប្រជាជនតិច ផលជលផល ឬកសិផលមានផលច្រើននាំឱ្យសល់បន្ទាប់ពីបំពេញការហូបហើយ ដូច្នេះរាជរដ្ឋាភិបាល បានប្រឹងប្រែងរកទីផ្សារនៅក្រៅប្រទេស ដើម្បីនាំចេញជលផល និងកសិផល ដែលសល់ពីការហូបនោះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីប្រឹងប្រែងរកទីផ្សារហើយនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើនទៀត ជួយដល់កសិករ ដូចជាការបញ្ចេញថវិកា ៦០លានដុល្លារជួយទិញស្រូវ ការអន្តរាគមន៍បូមទឹកស្រោចស្រប់ជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម បានប្រឹងប្រែងដោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មច្ឆជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធ​អេកូឡូស៊ី ជីវភាពរស់នៅ និងសេដ្ឋកិច្ចកម្ពុជា។ វា​មិនត្រឹមតែជាប្រភពអាហារ​ដ៏សម្បូរបែប​ដែល​ទ្រទ្រង់សុខភាពមនុស្សប៉ុណ្ណោះទេ ថែមទាំង​ជួយ​រក្សាស្ថិរភាពតុល្យភាពធម្មជាតិ និង ផ្តល់ប្រាក់​ចំណូលយ៉ាងច្រើនដល់ប្រជាជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មច្ឆជាតិ គឺជាប្រភពប្រូតេអ៊ីនដ៏ល្អឥតខ្ចោះ និងសម្បូរ​ទៅ​ដោយជាតិរ៉ែ កាល់ស្យូម ដែក ស័ង្កសី ផូស្វ័រ និង ម៉ីយ៉ូត, វីតាមីន A វីតាមីន D និងវីតា​មីន B12, ព្រមទាំង ជាតិខ្លាញ់ល្អ (Omega-3) ដែលជួយទ្រទ្រង់មុខងារ ខួរក្បាល បេះដូង និងកាត់បន្ថយជំងឺ​សរសៃ​ឈាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច​មូល​ដ្ឋាន ដែល​បង្កើតការងារ និងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ។​

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មច្ឆជាតិក្នុងទឹក ជួយរក្សាតុល្យភាពនៃការផ្គត់ផ្គង់អា​ហារ, ជួយសម្អាតបរិស្ថានជលផល និងធានាឱ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍​របស់អង្គការ​ស្បៀង​អាហារពិភពលោក, មច្ឆជាតិគឺជាសសរគ្រឹះនៃប្រព័ន្ធកសិស្បៀងអាហារនៅកម្ពុជា ដែលជារៀងរាល់ឆ្នាំ បានចូលរួមប្រមាណ ៣ភាគរយ ក្នុងផសស ត្រូវបានប្រើ​ប្រាស់ជាង​កន្លះ​លានតោន, និង ជាប្រភពផ្តល់ប្រូតេអ៊ីន និង មីក្រូសារធាតុ ដល់ប្រជាជនកម្ពុជា​ជិត ៨០ភាគរយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋ​សភា​បានកំណត់យក «ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន» គឺជាបញ្ច​កោណ​ទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយមាន «ការគ្រប់គ្រង​ធនធាន​ធម្ម​ជាតិ បេតិកភណ្ឌវប្បធម៌ និង ទេសចរណ៍ ប្រកបដោយចីរភាព» គឺជាមុំទី២ និង «ការលើក​ស្ទួយ​កសិកម្ម និង ការអភិវឌ្ឍជនបទ» គឺជាមុំទី៣។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជ​រដ្ឋាភិបាលបានដាក់ចេញនូវ​គោល​នយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើន​ភាព​ប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផល ប្រកបដោយចីរភាព គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា សំដៅលើកកម្ពស់ចំណេះដឹងផ្នែកកសិកម្មទំនើប និងជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មសំដៅតម្រង់ទិសអភិវឌ្ឍវិស័យកសិកម្ម តាមអនុវិស័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល​នយោ​បាយស្តីពីការកែទម្រង់ស៊ីជម្រៅវិស័យជលផល ឆ្នាំ២០១៥-២០២៤ សំដៅលុបបំបាត់​ឡូត៍​នេ​សាទ ដើម្បីប្រគល់សិទ្ធិគ្រប់គ្រង និងទាញផលទៅឱ្យប្រជាពលរដ្ឋ តាមរយៈសហគមន៍​នេ​សាទ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវារីវប្បកម្ម សំដៅជំរុញការចិញ្ចឹមត្រី និង វារីសត្វផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ និង ធានាការផ្គត់ផ្គង់ទីផ្សារ ផែនការយុទ្ធ​សាស្ត្រ​ស្តីពីការគ្រប់គ្រង និងការអភិរក្សធនធានជលផល ឆ្នាំ២០២០-២០២៩ សំដៅស្តារ​ប្រព័ន្ធ​អេកូឡូស៊ី និងការពារតំបន់ជម្រកត្រីពងកូន, ទាំងក្នុងតំបន់បឹងទន្លេសាប និង តំបន់ឆ្នេរ និងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផល ឆ្នាំ២០១០-២០១៩ សំដៅតម្រង់ទិសដៅអភិវឌ្ឍជលផល ដោយបែងចែកជា ៣សសរ ស្តម្ភចម្បង គឺជលផល វារីវប្បកម្ម និងការកែច្នៃក្រោយប្រមូលផល និង ពាណិជ្ជកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មានអ្នកបំផុសឱ្យប្រជាពលរដ្ឋប្រើ​ឧប​ករ​ណ៍ឆក់ចេញទៅនេសាទត្រីនៅបឹងទន្លេសាប។ សម្តេចបានណែនាំឱ្យមានការស៊ើបរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមប្រតិបត្តិការពីយោធារយៈពេលពីរឆ្នាំមកនេះ ធ្វើឱ្យផលត្រីមានកំណើនច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមើលការអូសលៀសដែលអូសរាប់តោន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនចង់ប្រើកងទ័ពទៅបង្ក្រាបបទ​ល្មើស​​នេសាទនោះទេ តែកម្លាំងជំនាញមានចំនួនតិច ទើបត្រូវប្រើកងទ័ពទៅជួយបន្ថែម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ត្រូវបន្តអភិរក្សត្រីមេពូជ និងវារីសត្វកំពុងរងគ្រោះ។ ទន្ទឹមនេះ ត្រូវបន្តធ្វើកិច្ចសហ​ប្រតិបត្តិការ​ជិតស្និទ្ធជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំង ចាត់វិធានការណ៍ច្បាប់​ម៉ឹង​ម៉ាត់ ចំពោះការផលិត ចែកចាយ និងប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា ឧបករណ៍ឆក់ និង ស្បៃមុងជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវ​សហ​ការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តជំរុញការធ្វើវារីវប្បកម្ម​គ្រប់​រូប​ភាព តាមរយៈការលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស និងការនវានុវត្តក្នុង​អនុវិស័យ​វារី​វប្ប​កម្ម, ព្រមទាំងបង្កាត់ភ្ញាស់ពូជវារីសត្វកម្រដែលប្រឈមនឹងការផុតពូជ និង​ផលិតកូនត្រី​ពូជដែល​មាន​តម្លៃសេដ្ឋកិច្ចខ្ពស់ សំដៅធានាចីរភាពនៃធនធានជលផល និង សន្តិសុខស្បៀង, បង្កើន​ប្រាក់ចំណូលរបស់វារីវប្បករ, និង កាត់បន្ថយការនាំចូល និង សម្ពាធមកលើធនធានជលផលធម្មជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវ​ពង្រឹង​​សមត្ថភាពសមាគមវារីវប្បករកម្ពុជា តាមរយៈការតម្រង់ទិសផែនការផលិតកម្ម ដែល​ឆ្លើយ​​​តបទៅនឹងតម្រូវការក្នុងស្រុក និងការកែច្នៃនាំចេញ ដោយត្រូវពង្រឹងកិច្ច​សហ​ការ​ជា​មួយ​ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញ​ប្ប​ទាន ដល់វារីវប្បករ និង អ្នកកែច្នៃនាំចេញផលិតផលជលផល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់, និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពន្លឿនការ​ចុះបញ្ជី​ដីរដ្ឋនៅតំបន់គ្រប់គ្រងជលផល ដូចជាកន្លែងអភិរក្សជលផល, កន្លែងសហគមន៍នេសាទ, ដីព្រៃលិចទឹក និងដីព្រៃកោងកាង ដែលជាជម្រកវារីសត្វពងកូន និងធំធាត់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវ​ពង្រឹង​កិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអប់រំផ្សព្វ​ផ្សាយ និងណែនាំប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមការពារតំបន់គ្រប់គ្រងជលផល, កន្លែង​អភិ​រក្ស​ជលផល, ដីព្រៃលិចទឹក, និង ដីព្រៃកោងកាង ព្រមទាំងជំរុញចលនាដាំព្រៃលិចទឹក និង ព្រៃកោងកាងឡើងវិញ ដើម្បីផ្ដល់ជម្រកសម្រាប់វារីសត្វគ្រប់ភេទ និង ធានាចីរភាព​ធនធាន​ជលផលជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវ​គិត​គូររៀបចំឱ្យមានប្រធានបទសម្រាប់ «ទិវាមច្ឆជាតិ» នៅឆ្នាំក្រោយៗ ដើម្បីផ្តល់ទិសដៅ​ច្បាស់​លាស់, ផ្តោតការយកចិត្តទុកដាក់លើបញ្ជសំខាន់ៗ និង លើកកម្ពស់ការ​យល់ដឹងជា​សាធារណៈ ឱ្យស្របតាមបរិការណ៍សង្គម-សេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជ​ការ-បុគ្គ​លិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានសហការ​ជិតស្និទ្ធជាមួយ ក្រសួង​ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, វិស័យឯកជន, និង ដៃគូអភិវឌ្ឍ ដើម្បីរៀបចំ «ទិវា​មច្ឆជាតិ» លើកទី២១ ជាមួយការលែងកូនត្រី និង វារីសត្វ និង ការតាំងបង្ហាញ​នូវបច្ចេក​វិទ្យាវារីវប្បកម្ម និង ផលិតផលជលផល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូល​រួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់​ឧបករណ៍​នេសាទដែលច្បាប់អនុញ្ញាត និងសូមគិតថា «ការអនុវត្តច្បាប់គឺមិនមែន ដើម្បីកាត់​ផ្តាច់ជីវភាពរបស់បងប្អូននោះទេ ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និងកូន​ចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា»។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages