(ខេត្តកំពត)៖ សកម្មភាពរុករករ៉ែនៅចំណុចជ័យសេនា ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត កំពុងក្លាយជាប្រធានបទក្ដៅ និងជាចំណុចសង្ស័យរបស់មហាជន បន្ទាប់ពីគេសង្កេតឃើញថា មានការដ្ឋានរ៉ែជាច្រើនកន្លែងបាននិងកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ដែលក្នុងនោះមានកន្លែងខ្លះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែការដ្ឋានខ្លះទៀតត្រូវបានគេសង្ស័យថា កំពុងលួចលាក់ធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ។
យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា វត្តមាននៃគ្រឿងចក្រ និងសកម្មភាពជីកកកាយរុករករ៉ែនៅតំបន់នោះ បានកើតឡើងជាបន្តបន្ទាប់។ អ្វីដែលជាការកត់សម្គាល់ និងជាចម្ងល់របស់ប្រជាពលរដ្ឋនោះគឺ៖ តើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធបានដឹងពីសកម្មភាពទាំងនេះដែរឬទេ?មតិរិះគន់បានលើកឡើងថា ប្រសិនបើការដ្ឋានខ្លះដំណើរការដោយគ្មានច្បាប់ទម្លាប់មែននោះ ហេតុអ្វីបានជាមន្ត្រីជំនាញមិនចុះពិនិត្យ ឬមានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព? បញ្ហានេះបានធ្វើឱ្យមានការសង្ស័យថា តើមន្ត្រីដែលគ្រប់គ្រងតំបន់នោះពិតជាមិនដឹង ឬមួយក៏ "ដឹងហើយធ្វើជាមិនដឹង" ដើម្បីរក្សាភាពស្ងប់ស្ងាត់ទុកជាថ្នូរនឹងលាភសក្ការៈណាមួយពីម្ចាស់ការដ្ឋានរ៉ែទាំងនោះ?
ការបណ្តោយឱ្យមានសកម្មភាពរុករករ៉ែដោយគ្មានច្បាប់ មិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងធនធានធម្មជាតិនៅក្នុងតំបន់ផងដែរ ប្រសិនបើមិនមានការគ្រប់គ្រងតាមបច្ចេកទេស និងច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែ។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺពីសំណាក់អាជ្ញាធរស្រុកឈូក ក៏ដូចជាមន្ទីររ៉ែ និងថាមពលខេត្តកំពត ដើម្បីជម្រះមន្ទិលសង្ស័យរបស់សាធារណជន ក៏ដូចជាដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព និងប្រសិទ្ធភាព។




No comments:
Post a Comment