www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 12, 2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣

នៅវេលាម៉ោង៨៖១៥នាទី ព្រឹកថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យភ្ជំធំនៃប្រពៃណីជាតិខ្មែរ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជ​រដ្ឋា​ភិ​បាលកម្ពុជា ចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣។ ដំណើរ​បំពេញការងារក្រៅប្រទេសចំថ្ងៃបុណ្យធំនៃប្រពៃណីជាតិរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលនិងគណៈប្រតិភូស្តែងនូវឆន្ទៈក្នុងការបំពេញការងារបម្រើជាតិ ដោយមិនគិតពីពេល​វេលា​នៃការឈប់សម្រាករបស់ជាតិនោះឡើយ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផងនោះ នឹងដឹកនាំគណៈប្រតិ​ភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅប្រទេសអាស៊ែ​បៃ​ហ្សង់ ប្រទេសតួកគីយ៉េ និងប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំងបី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ គណៈប្រតិភូ​​អមដំណើរ សម្តេច​មហាបវរ​ធិបតីនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជ​រដ្ឋា​ភិបាលមួយចំនួនទៀត។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូល​រួម​កិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការ​កសាង​ទំនុក​ចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅអាស៊ែ​បៃហ្សង់។ ក្នុងកិច្ចប្រជុំនេះ សម្តេចមហាបវរធិបតី នឹងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំ​នៃប្រទេសសមាជិកដទៃទៀត ក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និង​វិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើន​ប្រកប​ដោយចីរភាពនៅអាស៊ី»។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងនឹងជួបទ្វេភាគីជាមួយប្រមុខគណៈ​ប្រតិភូនៃប្រទេសសមាជិក CICA ផ្សេងទៀត ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគី។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងបន្តបំពេញ​ទស្សន​កិច្ចផ្លូវការនៅប្រទេសតួកគីយ៉េ និងមានជំនួបជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីយ៉េ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និង​តួក​គីយ៉េ ព្រមទាំងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាដែលជាកង្វល់រួម។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី នឹងអញ្ជើញបន្តដំណើរទៅទីក្រុង Astana ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសកាហ្សាក់ស្ថាន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ នឹងផ្តល់សន្ទុះថ្មីដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា ជាមួយប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។

សូមបញ្ជាក់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសនាពេលនេះ សម្តេចមហាបវរធិបតី ក៏បាននាំយកទៅជាមួយនូវគណៈប្រតិភូផ្នែកធុរកិច្ចរបស់កម្ពុជាពីសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញ​ចូលរួមក្នុងវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់។

សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មអាស៊ែបៃហ្សង់ ក្នុងគោលបំណងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ​រវាង​ប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មានអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច ក៏ដូចជាស្វែងរក​កាលា​នុ​វត្ត​ភាពធុរកិច្ចថ្មីៗ។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ​ភាគីពាក់​ព័ន្ធ​ដទៃទៀត។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអញ្ជើញចូល​រួម​កិច្ចប្រជុំ និងវេទិកាធុរកិច្ចសំខាន់ៗផ្សេងទៀតក្នុងអំឡុងពេលនៃ​ដំណើរទស្សន​កិច្ចនៅ​តួកគីយ៉េ និងកាហ្សាក់ស្ថាន ក្នុងគោលបំណងពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច ពង្រឹង​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូក្នុងតំបន់ឱ្យកាន់តែរឹងមាំ និង​មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទដោយ Nou Seyha


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages