(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់យ៉ាងច្បាស់ថា លំនៅឋានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងជាគ្រឹះក្នុងការកសាងសង្គមជាតិឱ្យកាន់តែរឹងមាំ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុង «វេទិកាស្ដីពីការដាក់ដំណើរការយុទ្ធនាការសកល យើងរួមគ្នាគិតពីលំនៅឋាន» នៅកម្ពុជា (Let’s Open the Door)» ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ (ដែលជាតំណាងជាតិនៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន), គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), ដៃគូអភិវឌ្ឍន៍ ព្រមទាំងនាយកប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា (Habitat for Humanity Cambodia)។
នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការលំនៅឋាន និងការងារសម្បទានដីធ្លីដើម្បីសង្គមកិច្ច និងសេដ្ឋកិច្ច។
លោកបានសង្កត់ធ្ងន់ថា ពាក្យ «លំនៅឋាន» នៅទីនេះ មិនមែនគ្រាន់តែជាជញ្ជាំង ឬដំបូលផ្ទះនោះទេ ប៉ុន្តែជាការកសាងជីវិតពិតប្រាកដនៅក្នុងផ្ទះសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់លើតុ កូនៗបានទៅរៀនសូត្រ មានការងារធ្វើច្បាស់លាស់ មានប្រាក់សន្សំ និងមានឱកាសលំហែកាយក្នុងគ្រួសារ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅដ៏មានអត្ថន័យនេះ ចាប់ពីពេលនេះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន និងវិនិយោគឱ្យចំតម្រូវការជាក់ស្តែង។ ក្រៅពីការផ្តល់ដី និងផ្ទះ ត្រូវតែគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចបង្កើតចំណូល បន្ថយបំណុល និងជំរុញការអនុវត្តនយោបាយជាយុទ្ធសាស្ត្រ ដែលក្នុងក្របខណ្ឌគ្រួសារ ពលរដ្ឋម្នាក់ៗត្រូវមាន ដី ផ្ទះ ស្រះទឹក និងដំណាំដាំដុះជុំវិញផ្ទះ។
ជាមួយគ្នានេះដែរ វេទិកាខាងលើគឺជាការបើកទ្វារស្វាគមន៍យ៉ាងទូលំទូលាយ ចំពោះរាល់កិច្ចសហប្រតិបត្តិការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការរួមបាតដៃគ្នាយ៉ាងសកម្ម ដើម្បីជួយប្រជាជនកម្ពុជា ពិសេសបងប្អូនដែលកំពុងរស់នៅក្នុងសំណង់មិនរៀបរយ ឱ្យទទួលបានជីវភាពរស់នៅ និងគុណភាពជីវិតកាន់តែប្រសើរឡើងនាពេលអនាគត៕














ប្រភព: អានពីប្រភពដើម

No comments:
Post a Comment